(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសលុបចោលលិខិតអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅ ដើម្បីរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម។
តាមរយៈបណ្តាញសង្គមហ្វេសបុក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន មករាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅ ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្ម បានពន្យល់ថាសួនសត្វភ្នំតាម៉ៅ មិនមានប៉ះពាល់ក៏ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១៖ លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាត ឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ។
២៖ រក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្ស
ដោយក្រសួងកសិកម្ម។
៣៖ ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ
ឡើងវិញលើដីដែលបានឈូសឆាយ»។
សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានសូមអរគុណចំពោះជនរួមជាតិដែលបាន ចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕ អត្ថបទ៖ Freshnews